(កោះកុង)៖ ពាក់ព័ន្ធនឹងការចុះផ្សាយរឿងអាវុធហត្ថខេត្តកោះកុង ចុះបង្ក្រាបទីតាំងកន្ទុយលេខ និងចាក់បាល់ខុសច្បាប់ជំរិតទារលុយជិត ១ម៉ឺនដុល្លារ ជាថ្នូរការដោះលែងឲ្យនៅក្រៅឃុំនោះ ត្រូវបានលោក តាំង ឈុនស្រេង មេបញ្ជាការរងអាវុធហត្ថខេត្តកោះកុង និងជានាយសេនាធិការ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកោះកុង ចេញមុខមកបដិសេធថា មិនបានយកលុយពីអ្នកណានោះទេ ប្រសិនបើមានករណីនេះមែន សូមអ្នកអះអាងនោះចេញមុខមក តទល់ជាមួយគ្នា។

លោក តាំង ឈុនស្រេង បានបញ្ជាក់ប្រាប់អង្គភាព Fresh News ទៀតថា ពាក់ព័ន្ធនឹងការដោះលែងម្ចាស់ទីតាំង ២នាក់ ឲ្យនៅឃុំនោះ គឺជាដែនសមត្ថកិច្ចរបស់តុលាការទេ មិនមានការពាក់ព័ន្ធជាមួយកម្លាំងអាវុធហត្ថនោះទេ។

សូមជំរាបថា សាច់ញាតិរបស់ម្ចាស់ទីតាំងបើកល្បែងកន្ទុយលេខ និងភ្នាល់បាល់ខុសច្បាប់មួយកន្លែង បានលួចទម្លាយប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះថា ករណីកម្លាំងកងរាជអាវុធហត្ថ ខេត្តកោះកុង ជិត ៥០នាក់ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក ស្រី ម៉ាក់នី និងលោក តាំង ឈុនស្រេង មេបញ្ជាការរងអាវុធហត្ថ និងជានាយសេនាធិការ នៃទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តកោះកុង ចុះទៅបង្ក្រាបទីតាំងល្បែងមួយនេះ កាលពីដើមខែមិថុនា ឆ្នាំ២០១៥ គឺម្ចាស់ទីតាំង ២នាក់ ត្រូវបានមន្រ្តីអាវុធហត្ថជំរិតទារលុយជិត ១ម៉ឺនដុល្លារ ជាថ្នូរការដោះលែងឲ្យនៅក្រៅឃុំ។

តាមពិតទៅ រឿងនេះបានកើតឡើងជាងមួយខែមកហើយ និងបានចប់សព្វគ្រប់រួចហើយដែរ តាមរយៈការបង់លុយទៅអោយមន្រ្តីអាវុធហត្ថ ប៉ុន្តែសាច់ញាតិម្ចាស់ទីតាំងល្បែងខាងលើ មិនអស់ចិត្តចំពោះទង្វើធ្វើបាប និងប្រមាថមើលងាយយ៉ាងចាស់ដៃ ហើយថែមទាំងជំរិតទារលុយយ៉ាងច្រើនបែបនេះ។

សាច់ញាតិរូបនេះបានទទួលស្គាល់ថា ការល្បែងស៊ីសងពិតជាខុសច្បាប់ និងខុសពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីអំពីភូមិឃុំមានសុវត្ថិភាព ប៉ុន្តែការចុះបង្ក្រាបរបស់កម្លាំងអាវុធហត្ថ និងព្រះរាជអាជ្ញាខាងលើនេះ គឺធ្វើឡើងដើម្បីវ៉ៃទឹកបង្អើលត្រីតែប៉ុណ្ណោះ ខណៈដែលល្បែងកន្ទុយលេខ និងចាក់បាល់ នៅក្រុងខេមរភូមិន្ទ មានជាច្រើនកន្លែងទៀត តែមិនមានការចុះបង្ក្រាប។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថជិត ៥០នាក់ ប្រដាប់ដោយកាំភ្លើង បានចុះបង្ក្រាបទីតាំងល្បែងកន្ទុយលេខ និងភ្នាល់បាល់ នៅខាងលិចផ្សារដងទង់ប្រមាណ ៥០ម៉ែត្រ ដោយឃាត់ខ្លួនមនុស្ស៤នាក់ យកទៅសួរនាំ៕