(ព្រះវិហារ)៖ ព្រោះតែទង្វើក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឲ្យសមាជិកគណបក្សមួយនេះ អស់ជំនឿហើយបានចាកចេញជាបន្ដបន្ទាប់។ ជាក់ស្ដែងសមាជិក ក្រុមប្រឹក្សាឃុំឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារម្នាក់ទៀត គឺលោក ទេព សំធារិទ្ធ បានប្រកាសដើរចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
បើតាមលិខិតសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ផ្ញើជូនប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះវិហារ ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ទេព សំធារិទ្ធ បានបញ្ជាក់ថា «លោក កឹម សុខា បានឃុបឃិតជាមួយបរទេស និងធ្វើតាមបង្គាប់បញ្ជាបរទេស ធ្វើឲ្យប្រជាជនខ្មែរដែលជឿលើលោក នឹងត្រូវរងគ្រោះដូចពីរបបមុន ដែលទង្វើក្បត់ជាតិ។ កន្លងមក ខ្ញុំខិតខំស្មោះត្រង់រួមរស់ជាមួយ គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក ហើយអស់ជំនឿលើការដឹកនាំរបស់ គណបក្សសង្គ្រោះជាតិតទៅទៀតហើយ»។
ជាមួយគ្នានេះលោក ទេព សំធារិទ្ធ ក៏បាននាំសមាជិករបស់គាត់ចំនួន១៥នាក់ ស្មើ៥គ្រួសារមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)