(ភ្នំពេញ)៖ ពេញមួយថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិតពីមេឃុំ ជំទប់ទី២ ចៅសង្កាត់រងទី២ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនតាមមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ ចំនួន៣៦នាក់ ដែលបានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះពួកគាត់មិនចង់គាំទ្រលោក កឹម សុខា មេបក្សក្បត់ជាតិតទៅទៀត។
ក្នុងចំណោមសមាជិកទាំង៣៦នាក់ ដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយហៅលោក កឹម សុខា ជាជនក្បត់ជាតិនោះ មាន១៦នាក់ ជាមេឃុំ ជំទប់ទី២ ចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមខេត្តមួយចំនួន និង២០នាក់ផ្សេងទៀត ជាសកម្មជនយ៉ាងសកម្មនៅស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ។
បើរាប់ទាំងមេឃុំ ជំទប់ទី២ ចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១៦នាក់ខាងលើ គិតមកដល់ថ្ងៃទី០៩ ខែវិច្ឆិកានេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប១០៥នាក់ហើយ បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់ប្រសាសន៍សម្តេច)