(កំពង់ធំ)៖ ជើងក្រោមរបស់គណបក្សសង្គ្រោះជាតិ កាន់តែរង្គោះរង្គើរខ្លាំងមែនទែនហើយ ដោយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មេឃុំបាក់ស្នា, ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំបាក់ស្នា សរុបចំនួន៣នាក់ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយមកសុំជ្រកកោនក្រោមដំបូងរបស់គណបក្សប្រជាជនកម្ពុជា។
តាមលិខិតដែលអង្គភាព Fresh News ទទួលបានថ្នាក់ដឹកនាំទាំង៣នាក់នេះ ទី១៖ លោក ឃុន ស៊ីន អាយុ៤៧ឆ្នាំ មេឃុំបាក់ស្នា, ទី២៖ លោក ភឿន ណាង អាយុ៥៣ឆ្នាំ ជំទប់ទី១ និងលោក អៀន អៃ អាយុ៣៤ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំបាក់ស្នា។
សម្រាប់ឃុំបាក់ស្នា សមាជិករបស់គណបក្សសង្គ្រោះជាតិមានចំនួន៣នាក់ ដោយរួមមាន៖ មេឃុំ, ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំនោះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាទាំងអស់ហើយ និងហៅ លោក កឹម សុខា ជាជនក្បត់ជាតិ ដូច្នេះនៅឃុំបាក់ស្នា គឺសុទ្ធតែសមាជិករបស់គណបក្សប្រជាជនកម្ពុជា។
ពួកគេទាំង៣នាក់ បានប្រកាសជំហរដូចៗគ្នាថា «ដោយកន្លងមកខ្ញុំបានជឿលើការញុះញង់របស់លោក កឹម សុខា ដោយនឹកស្មានថា គណបក្សសង្គ្រោះជាតិមានគោលនយោបាយល្អ តែបន្ទាប់មកបានឃើញវីដេអូឃ្លឹបរបស់ លោក កឹម សុខា ជឿការញុះញង់របស់បរទេស នាំមកបំផ្លាញសន្ដិភាពនៅក្នុងប្រទេសកម្ពុជារបស់ខ្លូន តាមទង្វើនេះអាចសន្និដ្ឋានថា លោក កឹម សុខា ពិតជាមានចេតនាក្បត់ជាតិដែលមិនអាចទទួលយកបាន»។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖