(ភ្នំពេញ)៖ ពេញមួយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិតពីមេឃុំ ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនតាមមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ ចំនួន១០នាក់ ដែលបានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះពួកគាត់មិនចង់គាំទ្រលោក កឹម សុខា មេបក្សក្បត់ជាតិតទៅទៀត។

ក្នុងចំណោមសមាជិកទាំង១០នាក់ ដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយហៅលោក កឹម សុខា ជាជនក្បត់ជាតិនោះ រួមមាន សមាជិកក្រុមប្រឹក្សាឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាមម្នាក់, សមាជិកក្រុមប្រឹក្សា​ស្រុកបាធាយម្នាក់ និងសមាជិកប្រឹក្សាឃុំជាលាម្នាក់ ​នៅស្រុកបាធាយ, សមាជិកក្រុមប្រឹក្សាស្រុកអង្គរជ័យ ខេត្តកំពតម្នាក់, មេឃុំបាក់ស្នា, ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំបាក់ស្នា សរុបចំនួន៣នាក់, សមាជិកក្រុមប្រឹក្សាឃុំឃ្សឹម ខេត្តក្រចេះម្នាក់ និងសមាជិកក្រុមប្រឹក្សាឃុំប្រស្នឹប ​ស្រុករលាប្អៀរម្នាក់ និងសមាជិកក្រុមប្រឹក្សាឃុំបាបោង ស្រុកពាមរក៏ម្នាក់ផងដែរ។

បើរាប់ទាំងមេឃុំ ជំទប់ទី១ ចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០នាក់ខាងលើ គិតមកដល់ថ្ងៃទី១០ ខែវិច្ឆិកានេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប១១៥នាក់ហើយ បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់ប្រសាសន៍សម្តេច)៖