(កោះកុង)៖ លោក ហោ រតនា អនុប្រធានគណបក្សសង្គ្រោះជាតិខេត្តកោះកុង ប្រធានចលនាយុវជនខេត្ត និងជាសមាជិកក្រុមប្រឹក្សាឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និង លោក បែន ចាន់រិទ្ធា ជាសមាជិកក្រុមប្រឹក្សាឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មកពីគណបក្សសង្គ្រោះជាតិ បានប្រកាសចាកចេញពីគណបក្សសង្គ្រោះជាតិ សុំមករួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីយល់ឃើញច្បាស់ថា លោក កឹម សុខា គឺជាជនក្បត់ជាតិ មានគោលបំណងចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
យោងតាមលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ឡុង ប៊ុន្នី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តកោះកុង ទាំង២រូបនេះបានបញ្ជាក់ថា «ពេលនេះយើងខ្ញុំទាំង២នាក់ បានយល់ច្បាស់ហើយថា លោក កឹម សុខា គឺជាជនក្បត់ជាតិ មានគោលបំណងចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដែលអាចបង្កមហន្តរាយដល់ប្រទេសជាតិ ដែលកំពុងរីកចំរើន»។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖