(ភ្នំពេញ)៖ យុវជនល្បីឈ្មោះមួយរូបរបស់គណបក្សសង្គ្រោះជាតិ លោក ហេង ធារ៉ា ប្រធានក្រុមសិល្បៈនៃគណបក្សសង្រ្គោះជាតិ ប្រកាសលាលែងចេញពីគណបក្សសង្គ្រោះជាតិ ហើយស្នើសុំការសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីមើលឃើញពីទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងររបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
នៅក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោក ហេង ធារ៉ា ហៅ បារាំង បានរៀបរាប់ថា «ខ្ញុំបាទមិននឹកស្មានថា ការតស៊ូដណ្តើមអំណាច តាមរយៈការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្តែក្រោយមកនេះ ខ្ញុំបាទបានឃើញសកម្មភាពជាក់ស្តែង ញុះញង់ ការបំបែកបំបាក់ខ្មែរជាពីរ ដោយលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ សុខចិត្តអោនក្បាលបំរើបរទេស ដើម្បីអំណាច មិនគិតពីភាពមហន្តរាយរបស់ជាតិមាតុភូមិ នេះហើយជាអំពើក្បត់ជាតិ»។
លោក ហេង ធារ៉ា បានអះអាងបានបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះឲ្យដឹងថា លោកជាមនុស្សជំនិតរបស់លោកស្រី មូរ សុខហួរ ព្រោះលោកបានចូលរួមចុះឃោសនាជាច្រើនជាមួយមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ជាពិសេសជាមួយលោកស្រី មូរ សុខហួរ ដែលជាតំណាងរាស្រ្តប្រចាំ មណ្ឌលបាត់ដំបង។ លើសពីនោះទៅទៀតលោកតែងតែចូលរួមច្រៀងឃោសនាជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា វាយប្រហារគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា និងជាក្រុមការងារជាមួយកញ្ញា ធី សុវណ្ណថាផងដែរ ប៉ុន្តែលោកបានអះអាងថា ដោយទង្វើក្បត់ជាតិរបស់លោក កឹម សុខា លោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក ហេង ធារ៉ា បានអះអាងបន្តថា លោកបានមើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលមានការអភិវឌ្ឍន៍ក្នុងប្រទេស និងជឿលឿនលើគ្រប់វិស័យ។ និងសូមប្រកាសគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ។