(ភ្នំពេញ)៖ ពេញមួយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិតពី អនុប្រធានគណបក្សឃុំ, សមាជិកក្រុមប្រឹក្សា, មេឃុំ និងជំទប់ សរុប១៨នាក់ ដែលបានសម្រេចចិត្តដើរចេញពី គណបក្សសង្គ្រោះជាតិ មកសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះពួកគាត់មិនចង់គាំទ្រលោក កឹម សុខា មេបក្សក្បត់ជាតិតទៅទៀត។
បើគិតត្រឹមយប់ថ្ងៃទី១៤ ខែវិច្ឆិកានេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប១៦៥នាក់ហើយ ដែលបានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
សម្រាប់ថ្នាក់ដឹកនាំមូលដ្ឋាន ដែលបានចុះចូលនៅថ្ងៃនេះ រួមមាន៖
* អនុប្រធានគណបក្សឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះម្នាក់,
* សមាជិកក្រុមប្រឹក្សាឃុំ និងជំទប់ទី២ ស្រុករវៀង ខេត្តព្រះវិហារ សរុប៤នាក់,
* អនុប្រធានគណបក្សឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ,
* សមាជិកក្រុមប្រឹក្សាឃុំស្វាយចចិប ស្រុកបសេដ្ឋ,
* សមាជិកក្រុមប្រឹក្សាឃុំរកាកោះ ស្រុកគងពិសី,
* សមាជិកក្រុមប្រឹក្សាស្រុកស្នួល ខេត្តក្រចេះ,
* ជំទប់ទី១ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម,
* មេឃុំកំពង់ត្រាចខាងលិច មេឃុំបឹងសាលាខាងជើង
* សមាជិកក្រុមប្រឹក្សាឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច,
* សមាជិកក្រុមប្រឹក្សាឃុំអូរម្រះ និងជាជំទប់ទី២ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង,
* សមាជិកក្រុមប្រឹក្សាឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប
* សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញចំនួន៣ផងដែរ។
ដោយឡែកក្រៅពីថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់នេះ ក៏នៅថ្ងៃនេះក៏មានសកម្មជនចំនួន២០៦នាក់ផងដែរ ដែលបានមកសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា រួមមាន៖ សកម្មជន១៣៦នាក់ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងសកម្មជនបក្សសង្គ្រោះជាតិ ជាង៧០នាក់ នៅឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖