(ពោធិ៍សាត់)៖ ក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ដោយមានសមាសភាពក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ និងជំទប់ ប្រធានប្រតិបត្តិគណៈចលនាយុវជន និងស្រ្តី ចំនួន៤០នាក់ ក្នុងនោះស្រី៦នាក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយឃើញទង្វើក្បត់ជាតិរបស់ លោក កឹម សុខា។
ជាក់ស្ដែងការប្រកាសចុះចូលនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនខេត្តពោធិ៍សាត់ នៅទីស្នាកការគណបក្សខេត្ត។
ក្បាលម៉ាស៊ីនទាំង៤០នាក់នេះ បានអះអាងថា ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិ ទើបលោកសម្រេចចិត្តសុំចូលជា សមាជិកគណបក្យប្រជាជន។
ពួកគេបញ្ជាក់ថា កាលពីមុននឹកស្មានថា ការស៊ូដំណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយពីបានឃើញនូវវីដេអូឃ្លឹប និងសកម្មភាពជាក់ស្ដែងពីការធ្វើបដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិខ្មែរ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជន។
សូមជម្រាបថា នេះជាលើកទី២ហើយ ដែលគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ទទួលការចូលរួមជីវភាពនយោបាយពីថ្នាក់ដឹកនាំ ដែលជាក្បាលម៉ាស៊ីនដឹកនាំ របស់គណបក្សសង្រ្គោះជាតិខេត្តពោធិ៍សាត់ មានចំនួនសរុប៥១នាក់ ស្រី៧នាក់៕