(រតនគិរី)៖ សមាជិកក្រុមប្រឹក្សាឃុំបាតាង ១នាក់ និងសកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលទើបតែត្រូវបានរំលាយថ្មីនេះចំនួន១៥០នាក់ នៅក្នុងឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី នាថ្ងៃសៅរ៍ ១៥រោច ខែកក្តិក ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយមើលឃើញពីទង្វើក្បត់ជាតិរបស់មេបក្សខ្លួន។
តំណាងសកម្មជន និងសមាជិកអតីតបក្សសង្គ្រោះជាតិ បានថ្លែងថា មូលហេតុដែលនាំឲ្យពួកគាត់សម្រេចចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានមើលឃើញពីទង្វើក្បត់ជាតិរបស់មេដឹកនាំបក្ស គឺលោក កឹម សុខា មានគោលនយោបាយបម្រើបរទេស បំបែកបំបាក់ផ្ទៃក្នុងប្រទេស បង្កអសន្តិសុខដល់ប្រទេសជាតិ និងប្រជាជន។
អតីតបក្សសង្គ្រោះជាតិបន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិពិតប្រាកដ។ តំណាងអតីតសមាជិកបក្សសង្គ្រោះជាតិ បានប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរដែលកម្ពុជាកំពុងតែវិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ។
លោក មួង ប៉យ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី សម្តែងការស្វាគមន៍ដ៏រីករាយជាទីបំផុតជាមួយអតីតសកម្មជនបក្សសង្គ្រោះជាតិទាំងអស់ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចូលរួមជីវភាពនយោបាយជាមួយណបក្សប្រជាជនកម្ពុជា។
លោកបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ និងមានចរិតនយោបាយចាស់ទុំ និងបានរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជាយូរយាណាស់មកហើយ ហើយនាឱកាសនេះយើងនឹងបន្តរួមរស់ជាមួយគ្នាទៀត ដោយមិនគិតអំពីអតីតកាលនិន្នាការនយោបាយរបស់បងប្អូនឡើយ យើងនឹងរួមគ្នាអភិវឌ្ឍន៍មាតុភូមិយើងប្រកបដោយចីរភាព»។
សូមបញ្ជាក់ថា នៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ ដែលចង់បន្តបម្រើប្រជាពលរដ្ឋ គឺបងប្អូនមានពេលវេលាច្រើនជាង១សប្តាហ៍ទៀត ដើម្បីមានឱកាសរួមជីវភាពនយោបាយ និងអាចបម្រើប្រជាពលរដ្ឋតទៅទៀត។
ការអំពាវនាវជាថ្មីរបស់សម្តេចតេជោជាលើកទី២នេះ ត្រូវបានសម្តេចអះអាងយ៉ាងច្បាស់ថា គឺមិនមែនជាការទិញដូរនោះឡើយ គឺគណបក្សប្រជាជនកម្ពុជា គ្មានប្រាក់ដើម្បីធ្វើការទិញដូរណាមួយនោះទេ គ្រាប់តែជាការផ្តល់ឱកាសដើម្បីឲ្យបងប្អូនដែលចង់បន្ត បម្រើប្រពលរដ្ឋមានពេលវេលាមកធ្វើកិច្ចការ ដើម្បីបម្រើប្រជាជន និងប្រទេសជាតិប៉ុណ្ណោះ៕
លោក មួង ប៉យ ក៏បានជម្រាបជូនអំពីផែនការបដិវត្តពណ៌របស់អតីតគណបក្សប្រឆាំង និងមូលហេតុដែលនាំឲ្យតុលាការកំពូលសម្រេចចិត្តរំលាយគណបក្សសង្គ្រោះជាតិជូនដល់សមាជិកបានជ្រាបផងដែរ៕