(ភ្នំពេញ)៖ លោក វង សូត ប្រធានក្រុមការងារ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងស្រុកកំចាយមារខេត្តព្រៃវែង និងជារដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបសំណេះសំណាលទ្រង់ទ្រាយធំ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាក្រែក ដោយមានមន្រ្តីចូលរួមជិត១ពាន់នាក់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

មន្រ្តីចូលរួមជិត១ពាន់នាក់ គឺជាក្រុមការងារថ្នាក់កណ្តាលខេត្ត ស្រុកឃុំ ចុះជួយ ស្រុកពញាក្រែក និងសមាជិកចូលរួមមកពី បណ្តាឃុំ ក្នុងស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ និងមកពីឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងជាដើម។

នៅក្នុងពិធីជួបសំណេះសំណាលនោះ លោក វង សូត បានពន្យល់ពីព្រឹត្តិការណ៍ ដែលតុលាការកំពូលសម្រេច រំលាយគណបក្សសង្រ្គោះជាតិ ជូនថ្នាក់ដឹកនាំ ស្រុក-ឃុំ ទាំង៨ ក្នុងស្រុក និងធ្វើការផ្សព្វផ្សាយ នូវឯកសារ ស្តីពីបដិវត្តន៍ពណ៌។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏មានការផ្សព្វផ្សាយនូវការអនុវត្តសាលដីកា តុលាការកំពូល ក្នុងការរំលាយគណបក្សសង្រ្គោះជាតិ និងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយអំពាវនាវទៅដល់ក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ឲ្យមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីអាចបន្តបម្រើប្រជាពលរដ្ឋ ជាបន្តទៀត។

លោក វង សូត បានបន្តឲ្យដឹងថា មកដល់ពេលសព្វថ្ងៃនេះ គណបក្សស្រុក-ឃុំ បានខិតខំពង្រឹងពង្រីកកម្លាំងពិតរបស់គណបក្ស តាមវិធីធ្វើបច្ចុប្បន្នភាព សមាជិកបក្ស គ្រួសារបក្ស ធ្វើសៀវភៅបក្ស និងប័ណ្ណសំគាល់សមាជិកបក្សជាដើម។

លោកក៏បានស្នើឲ្យមន្រ្តី និងសមាជិកខ្លួន បន្តពង្រឹងពង្រីកកម្លាំងសមាជិកបក្សបន្តទៀត ចំណែកឯមន្រ្តីគណបក្ស ត្រូវយកចិត្តទុកដាក់ធ្វើអំពើល្អ ជាមួយមហាជន ប្រជាជន ដោយចុះជួបជាបុគ្គលគ្រួសារ និងក្រុម ជាអង្គប្រជុំឲ្យបានញឹកញាប់ នៅតាមភូមិ វត្តអារាម នៃឃុំ នីមួយៗ។ បន្ថែមពីលើនេះ ត្រូវសាមគ្គីផ្ទៃក្នុងបក្សឲ្យបានល្អ និងក្តាប់ជាប់នូវស្ថានការណ៍ផ្សេងៗ ដែលអាចប៉ះពាល់ដល់ការដឹកនាំ ដល់កិត្តិយស របស់គណបក្ស ត្រូវទប់ស្កាត់ និងដោះស្រាយ ឲ្យទាន់ពេលវេលា។

ជាមួយគ្នានោះ លោក វង សូត ក៏បានជំរុញឲ្យ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវរក្សាសុខភាពឲ្យបានល្អ និងនាំគ្នាទៅបោះឆ្នោតព្រឹទ្ធសភា នៅចុងខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ កុំឲ្យខកខាត និងអវត្តមាន។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មាន​សមាជិកក្រុមប្រឹក្សាឃុំ៤រូប នៃគណបក្សសង្រ្គោះជាតិ ក្នុងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងស្រុកកំចាយមារ ខេត្តព្រៃវែង បានសុំរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងនោះ រួមមាន លោក អ៊ុក យ៉ុន និងឈ្មោះ អួង ឆៃលាង ជាសមាជិកក្រុមប្រឹក្សាឃុំត្រពាំងផ្លុង ឈ្មោះ ប៉ុក ចាន់ ជាជំទប់ទី២ ឃុំវាលម្លូរ និងឈ្មោះ អុក ធី សមាជិកក្រុមប្រឹក្សាឃុំវាលម្លូរ។

លោក វង​ សូត ក្នុងនាមគណបក្សស្រុក សូមស្វាគមន៍អបអរសាទរ ចំពោះវត្តមានរបស់លោកទាំង៤នាក់ ដែលមានមនសិកាខ្ពស់ ក្នុងការស្រឡាញ់ជាតិ មាតុភូមិ និងមើលឃើញអំពើល្អ និងអាក្រក់ នៃទង្វើរបស់គណបក្សខ្លួនគាំទ្រ នាពេលកន្លងមក មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងបានចាប់ដៃគូបម្រើជាតិ ប្រជាជន និងរក្សាសន្តិភាព និងការអភិវឌ្ឍន៍ភូមិ ឃុំបន្តទៅទៀត៕