(កំពង់ធំ)៖ អតីតសមាជិកក្រុមប្រឹក្សា និងបេក្ខជនបម្រុង ក្នុងខេត្តកំពង់ធំសរុប៧នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយបានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៧រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់ សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៧រូបនេះ រួមមាន៖
ទី១៖លោកស្រី គឹម សុផល អាយុ៤៥ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំច្រនាង ស្រុកបារាយណ៍
ទី២៖លោក សំ ឈាង អាយុ៤០ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំចំណាលើ ស្រុកស្ទោង
ទី៣៖លោក បាន ប៊ាន់ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំចំណាលើ ស្រុកស្ទោង
ទី៤៖លោក កែវ អ៊ី អាយុ៥៧ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន
ទី៥៖លោក ជាវ គង់ អាយុ២៩ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ
ទី៦៖លោក ផៃ ផូ អាយុ៤៩ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំដូង ស្រុកប្រាសាទបល្ល័ង្គ
ទី៧៖លោក សឿន ឈួត អាយុ៤៤ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំដូង ស្រុកប្រាសាទបល្ល័ង្គ។
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង៧រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕