(ស្វាយរៀង)៖ ត្រឹមតែមួយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងបេក្ខជនបម្រុង មកពីគណបក្សសង្គ្រោះជាតិ នៅទូទាំងខេត្តស្វាយរៀងរហូតដល់២៣រូប បានសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង២៣រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិចំនួន២៣រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាប នូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
អតីតមន្រ្តីគណបក្សសង្គ្រោះជាតិទាំង២៣រូបរួមមាន៖ ស្រុករមាសហែក ៤នាក់, ក្រុងបាវិត ៣នាក់, ស្រុកស្វាយជ្រំ ៩នាក់ ស្រុកកំពង់រោទ៍ ២នាក់ និងស្រុកចន្ទ្រា៥នាក់។
ដោយឡែកបើគិតនៅទូទាំងខេត្តស្វាយរៀង រហូតមកដល់ពេលនេះ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ សរុប៩២នាក់ហើយ ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕