(ភ្នំពេញ)៖ លោក សូ ម៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ បានហៅការសម្រេចចិត្តអតីតមន្រ្តីមូលដ្ឋានមកពីអតីតគណបក្សសង្រ្គោះជាតិ ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាថា ជាការសម្រេចចិត្តមួយដ៏ត្រឹម ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម និងបម្រើប្រជាពលរដ្ឋ។
លោក សូ ម៉ារ៉ា បានថ្លែងដូច្នេះ ក្នុងពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទទួលអតីតសមាជិកគណបក្សសង្រ្គោះជាតិ នៅក្នុងខណ្ឌដូនពេញ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ។
«ការសម្រេចចិត្តរបស់បងប្អូនចៅសង្កាត់រង សមាជិកក្រុមប្រឹក្សា ក៏ដូចជាបេក្ខជនបម្រុងមកពីអតីតគណបក្សសង្រ្គោះជាតិ ដែលទើបរំលាយ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍សង្គមជាតិរបស់យើង ក៏ដូចជាបម្រើបងប្អូនប្រជាពលរដ្ឋ»។ លោក សូ ម៉ារ៉ា បានបញ្ជាក់។
លោក សូ ម៉ារ៉ា បានហៅការចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារបស់អតីតមន្រ្តីតាមមូលដ្ឋានមកពីអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវរំលាយព្រោះទង្វើក្បត់ជាតិនេះថា មិនមែនជាការក្បត់ឆន្ទៈពលរដ្ឋនោះទេ តែវាជាការបន្តទទួលឱកាស ដើម្បីបម្រើឆន្ទៈប្រជាពលរដ្ឋទៅវិញ។
លោកបានបញ្ជាក់ដូច្នេះ «ការសម្រេចចិត្តនេះទៀតសោត មិនមែនជាការក្បត់ឆន្ទៈប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញជាការគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋបោះឆ្នោតជូនយើង ព្រោះគាត់ចង់បានយើងបម្រើគាត់ ការចុះចូលរបស់យើងគឺយើងបន្តមានឱកាសបម្រើគាត់តាមការចង់បានរបស់គាត់»។
សូមបញ្ជាក់ថា តាមរយៈការផ្តល់ឱកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីកម្ពុជាផងដែរនោះ មកដល់ពេលបច្ចុប្បន្ននេះ អតីតចៅសង្កាត់រង ក្រុមប្រឹក្សា បេក្ខជនពេញសិទ្ធ និងបេក្ខជនបម្រុងមកពីអតីតគណបក្សសង្គ្រោះជាតិនៅក្នុងខណ្ឌដូនពេញ បានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាសរុប ២៧រូបហើយ៕