(កំពង់ធំ)៖ អតីតសមាជិកក្រុមប្រឹក្សា និងបេក្ខជនបម្រុងក្រុមប្រឹក្សាឃុំ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំសរុប៦នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយបានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៦រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៦រូបនេះ រួមមាន៖
ទី១៖លោក ស្រី សុផល អាយុ៣២ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំស្រើង ស្រុកបា្រសាទសំបូរ
ទី២៖លោកស្រី លោង ពុធ អាយុ៣២ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំប្រាសាទ ស្រុកសន្ទុក
ទី៣៖លោក ខឹម ថា អាយុ៣២ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំតាំងក្រសាំង ស្រុកសន្ទុក
ទី៤៖លោកស្រី អ៊ីង តាំងស៊ាន់ អាយុ៣៩ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំតាំងក្រសាំង ស្រុកសន្ទុក
ទី៥៖លោក ឯក សំសារិន អាយុ៥១ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំកំពង់ថ្ម ស្រុកសន្ទុក
ទី៦៖លោក សៀង សឿន អាយុ៥៣ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំប្រាសាទ ស្រុកសន្ទុក
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង៦រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕