(បាត់ដំបង)៖ ស្រ្តីវ័យចំណាស់អាយុជាង៦០ឆ្នាំម្នាក់ រស់នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលពីមុនគាំទ្រអតីតបក្សប្រឆាំង បាននិយាយថា មានសកម្មជនអតីតគណបក្សសង្គ្រោះជាតិ មកដល់ផ្ទះគាត់ បោកឲ្យផ្តិតមេដៃដើម្បីបើកអង្ករទាំងម្តាយ និងកូន តែធាតុពិតពួកគេ បានយកស្នាមមេដៃរបស់គាត់ ទៅធ្វើរឿងផ្សេង គឺសុំឲ្យមានការដោះលែងអតីតមេបក្សក្បត់ជាតិ កឹម សុខា ទៅវិញ។
ស្រ្តីចំណាស់នេះបាននិយាយដូច្នេះនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ដល់ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ក្នុងពីធីប្រគល់ផ្លូវ១ខ្សែក្រាលគ្រួសធម្មជាតិប្រវែង១៩៩២ម៉ែត្រ នៅក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ លោក ហែម ថេង បានឲ្យដឹងថា នៅក្នុងពិធីប្រគល់ផ្លូវ១ខ្សែនេះ មានស្រ្តីវ័យចំណាស់ម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋក្នុងភូមិ បាននិយាយប្រាប់លោកថា រយៈពេលកន្លងមកនេះ មានសកម្មជនអតីតគណបក្ស CNRP បានមកដល់ផ្ទះគាត់ដោយឲ្យគាត់ និងកូនស្រី ដែលជាស្រ្តីមេម៉ាយដូចគ្នានោះ ផ្តិតមេដៃឲ្យគេដើម្បីយកទៅធ្វើសំណើរសុំបើកអង្ករ គាត់ក៏បានយល់ព្រមផ្តិតមេដៃឲ្យទៅ លុះក្រោយមកទើគាត់ដឹងថា គាត់ចាញ់បោកគេហើយ មេដៃនោះគឺគេយកទៅប្រើសម្រាប់គាំទ្រសុំឲ្យរាជរដ្ឋាភិបាល និងតុលាការធ្វើការដោះលែង មេបក្សក្បត់ជាតិទៅវិញ និងអាចយកទៅប្រើប្រាស់អ្វីផ្សេងទៀត ក្នុងពេលនោះដែរ ស្រ្តីវ័យចំណាស់ម្នាក់នេះ បានសុំឲ្យលោកប្រធានក្រុមការងារជួយអន្តរាគមន៍ ដើម្បីឲ្យគាត់បានចូលជាសមាជិកគណបក្ស គណបក្សប្រជាជនវិញផង។
លោកប្រធានក្រុមការងារបានបញ្ជាក់ថា បន្ទាប់ពីស្តាប់ស្រ្តីនេះនិយាយប្រាប់ហើយ លោកក៏បានអំពាវនាវទៅអតីតសមាជិកគាំទ្រ CNRP ក្នុងឃុំទាំងអស់ថា មកទល់ពេលនេះ ក្រុមការងារយើងបើកទ្វារចំហរជានិច្ច រង់ចាំបងប្អូនណាចង់គាំទ្រ និងចូលរួមជីវភាពនយោបាយជាមួយគណបក្ស CPP ដើម្បីធ្វើការងារជាមួយគ្នា និងអភិវឌ្ឍន៍សង្គមជាតិ ពិសេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់យើងតទៅ។
នៅថ្ងៃដដែលនោះក្រុមការងារបានប្រគល់ផ្លូវ១ខ្សែប្រវែង១៩៩២ម៉ែត្រ ដល់ពួកគាត់សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ដើម្បីងាយស្រួលធ្វើដំណើរចេញចូល និងដឹកកសិផលយកមកលក់ដូរនៅទីផ្សារ ជាការកាត់បន្ថយភាពលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងជីកប្រឡាយ១ខ្សែបន្ថែមទៀត ក្នុងភូមិឃុំនេះផងដែរ។
ប្រជាពលរដ្ឋក្នុងឃុំភ្នំសំពៅ បានមានចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណដល់ ប្រធានក្រុមការងារ CPP ចុះជួយឃុំភ្នំសំពៅ បានយកចិត្តទុកដាក់ចុះជួយមូលដ្ឋានជាប្រចាំ ដោយផ្តើចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល សម្តេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រជាក្រុមការងារចុះជួយខេត្តបាត់ដំបង និងនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃនាយកដ្ឋានអន្តោប្រវេសន៍ ជាប្រធានក្រុមការងារចុះជួយស្រុកបាណន់មក ក្រុមការងា CPP ចុះជួយឃុំភ្នំសំពៅតែងតែយកចិត្ត គិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានកសាងសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ចែកអំណោយមនុស្សធម៌ ធ្វើផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាឥតទីពឹង ជាបន្តបន្ទាប់រហូតមក និងប្តេជ្ញាចិត្តបន្តគាំទ្របក្ស CPP បានដឹកនាំប្រទេសជាតិឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀត៕