(ភ្នំពេញ)៖ បុរី ប៉េង ហួត គ្រុបបានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ ផ្សារទំនើប PH ECO Mall ក្នុងគម្រោងហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោរ) ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១ ខាងមុខនេះ។
សម្រាប់គម្រោងផ្សារទំនើបនេះផងដែរ នឹងនាំយកមកនូវ ភាពសម្បូរបែបដើម្បីទទួល ស្វាគមន៍អតិថិជន ជាតិនិងអន្តរជាតិ ជាមួយនឹងបទពិសោធន៍ថ្មីដំបូងបង្អស់ ដែលមិនធ្លាប់មាន ក្នុងប្រទេសកម្ពុជា។
ស្ថិតក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើប PH ECO Mall កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នំា២០១៧ ក៏មានការអញ្ចើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ភ្ញៀវកិត្តិយសនិងអ្នកសារព័ត៌មានប្រមាណជាជាង២០០នាក់ផងដែរ។
លោកឧកញ្ញ៉ាថៃ ម៉េងលី អគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានថ្លែងថា ការបើកការដ្ឋានសាងសង់ គម្រោងផ្សារទំនើបនេះ ត្រូវបានវិនិយោគទឹកប្រាក់ប្រមាណជាង២០០លានដុល្លារ លើផ្ទៃដីជិត៦ហិចតា នឹងផ្តល់ជូនអតិថិជន ជាតិនិងអន្តរជាតិនូវបទពិសោធន៍ដើរផ្សារទំនើប ពិសេសប្លែក ប្រកបដោយបរិយាកាស ស្រស់ស្រាយបែបធម្មជាតិពិតៗ។ លើសពីនេះទៅទៀត ការរចនា ផ្សារទំនើបនេះក៏បានរួមបញ្ជូលនូវ រចនាបថ វប្បធម៌ ប្រវត្តិស្រាស្តខ្មែរ ជាមួយនឹងបែបផែនជីវិត ទំនើបទាន់សម័យនិងពេញនិយមផងដែរ។
គួរបញ្ជាក់ថា ផ្សារទំនើប PH ECO Mall មានផ្ទៃសំណង់សរុប ២៦ម៉ឺន៨ពាន់ម៉ែត្រក្រឡា និងផ្ទៃជួលជិត៩ម៉ឺនម៉ែត្រក្រឡា ព្រមទាំងមានចំណតឡានចំនួនជិត ៣ពាន់កន្លែង និងចំណតម៉ូតូចំនួន ២,៦០០កន្លែងថែមទៀត។ គម្រោងផ្សារទំនើបនេះ នឹងធ្វើឲ្យ គម្រោងហ្គ្រេនស្តាផ្លាទីនីម ក្លាយជាទីក្រុងមួយដែលកាន់តែទំនើប និងសម្បូរបែបបន្ថែមទៅលើ សាលារៀនអន្តរជាតិ ដែលបើកដំណើរការ តាំងពីពាក់កណ្តាលឆ្នាំ២០១៧ រួមទាំងក្លឹបកីឡា សួនកំសាន្តបែបអ៊ឺរ៉ុប។
ខណៈនោះដែរ ដើម្បីជួយលើកស្ទួយដល់សេវាកម្មសាធារណៈ ដែលជាបង្គោលដល់ប្រជាជនក្រីក្រ ជាពិសេសជួយដល់កុមារទទួលបានឱកាស ក្នុងការព្យាបាលដោយឥតគិតថ្លៃ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានបរិច្ចាគថវិកាចំនួន ១០០,០០០ដុល្លារ ជូនដល់មន្ទីពេទ្យកុមារគន្ធបុប្ផា ៕