(កំពង់ឆ្នាំង)៖ លោក មួង សុធា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការចុះទៅសួរនាំ និងធ្វើកោសល្យវិច័យលើករណីស្លាប់ របស់នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ខេត្តកំពង់ឆ្នាំង លោក ទេព សារ៉ាត់ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនោះ ត្រូវបានបញ្ចប់ហើយ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥នេះ ប៉ុន្តែលោកមិនទាន់បង្ហាញពីលទ្ធផលនៅឡើយទេថា ជនរងគ្រោះ បាញ់សម្លាប់ខ្លួនឯង ឬមួយយ៉ាងណានោះទេ ពោលត្រូវរង់ចាំការពិនិត្យបន្តទៀត នៅក្រសួងមហាផ្ទៃ ។

លោក មួង សុធា បានបញ្ជាក់ថា «យើងបានប្រមូលយកវត្ថុតាងមួយចំនួន រួមមាន ក្បាលគ្រាប់កាំភ្លើង កាំភ្លើង និងគ្រាប់ទាំង៤ យកមកពិនិត្យក្នុងម៉ាស៊ីនទំនើប នៅក្រសួងមហាផ្ទៃ ដូច្នេះមិនទាន់អាចប្រាប់បានទេ»

តាមរូបភាពដើម ដែលឃើញជនរងគ្រោះ ដៃកាន់កាំភ្លើង ហើយដាក់លើក្បាលពោះ ក្រោយមានការបាញ់ចំក្បាលនោះ ត្រូវបានលោក មួង សុធា អះអាងថា ករណីបែបនេះកើតឡើង២ ទៅ៣ លើកមកហើយ ក្នុងករណីអត្តឃាតបាញ់សម្លាប់ខ្លួនឯង ។ បើតាមមន្រ្តីនគរបាលបច្ចេកទេសរូបនេះ ការពិនិត្យតាមម៉ាស៊ីនទំនើប នៅក្រសួងមហាផ្ទៃនោះ គឺចង់ដឹងថា តើក្បាលគ្រាប់នោះ ចេញពីកាំភ្លើងរបស់ជនរងគ្រោះ ឬមួយយ៉ាងណា ហើយថាតើដៃរបស់ជនរងគ្រោះ មានកាន់កាំភ្លើងហ្នឹងដែរឬទេ?

សូមបញ្ជាក់ថា លោក ទេព សារ៉ាត់ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានបាញ់សម្លាប់ខ្លួនឯង កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ដោយសារតែតូចចិត្តស្រីស្នេហ៍ប្តឹងទាមទារលុយ ២០លានរៀល ក្រោយពេលដែលលោកបានវាយនារីរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយលោកក៏ត្រូវថ្នាក់ លើចេញលិខិតបង្គាប់ការ ឲ្យផ្អាកការងារទៀតផង ពីព្រោះតែមានពាក្យបណ្តឹងនេះ។

មុនពេលស្លាប់លោក ទេព សារ៉ាត់ បានបន្សល់ទុក លិខិតសុំទោសមួយច្បាប់ ដែលលោកបានសុំទោស ដល់លោកស្រីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងស្នងការនគរបាលខេត្តកំពង់ឆ្នាំង៕