(តាកែវ)៖ អតីតសកម្មជនគណបក្សប្រឆាំងជាពិសេសយុវជន យុវនារី៣៤៤នាក់ ក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានស្ម័គ្រចិត្តដោយសុទ្ធចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយដោយតុលាការកំពូល និងនៅក្រោយពេលដែលពួកគាត់បានយល់ច្បាស់ពីគោលនយោបាយ និងសកម្មភាពនៃអំពើល្អរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
ពិធីបញ្ចូលសមាជិកថ្មីនេះបានប្រារព្ធធ្វើឡើង នៅថ្ងៃ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងអាទិត្យទី២៨ ខែមករា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាទីខេត្តតាកែវ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាឃុំ តំណាងមកពី១៣ភូមិ ប្រជាការពារ ជាពិសេសយុវជន និងសមាជិកសមាជិកានិងអ្នកចូលរួមទាំងអស់ប្រមាណជាង៥០០នាក់។
នេះមិនមែនជាលើកទី១ទេ ក្នុងឃុំកុមាររាជាដែលអតីតសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងបានចាកចេញពីបក្ស និងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលកាលពីលើកទី១ ក្នុងអំឡុងចុងខែតុលា ឆ្នាំ២០១៦ មានចំនួនសរុប៤២០នាក់ និងលើកទី២ ចំនួន១៤១នាក់ បានសំរេចចិត្តមករួមរស់នៅជាមួយគណបក្សប្រជាជនកម្ពុជា។ បើបូករួមទាំងលើកនេះ គឺក្នុងឃុំកុមារាជាមានសកម្មជនចំនួនជាង១ពាន់នាក់ហើយ ដែលបានសម្រេចចិត្តមកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តំណាងអតីតសកម្មជនអ្នកគាំទ្រគណបក្សប្រឆាំងបន្ទាប់ពីបានទទួលសេចក្តីសម្រេចបញ្ចូលជាសមាជិកថ្មីគណបក្សប្រជាជនកម្ពុជារួចហើយបានឲ្យដឹងថា មូលហេតុដែលពួកគាត់មករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានដឹងយ៉ាងច្បាស់ពីអតីតបក្សប្រឆាំងរបស់ពួកគាត់ដែលថ្នាក់ដឹកនាំបានប្រព្រឹត្តិអំពើក្បត់ជាតិ ក្បត់ប្រជាជន និងកន្លងមកញុះញង់ឲ្យសកម្មជន និងប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពបំពានច្បាប់នានា ប៉ុន្តែ នៅពេលនេះពួកគាត់បានឃើញច្បាស់ផ្ទាល់នឹងភ្នែកអំពីការយកចិត្តទុកដាក់ខ្ពស់ និងសកម្មភាពនៃក្រុមការងារចុះមូលដ្ឋានជាប្រចាំ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបាន និងកំពុងខិតខំជួយដោះស្រាយបញ្ហាជាច្រើននៅមូលដ្ឋានដែលជាទុក្ខកង្វល់របស់ពួកគាត់ទើបពួកគាត់ជឿជាក់ និងមកចូលរួមរស់ជាមួយនៅពេលនេះ។
លោក ម៉ឹង រើន និងលោក ចេង ង៉ាត់ អតីតសមាជិកសកម្មរបស់គណបក្សសង្គ្រោះជាតិ សព្វថ្ងៃជាជំទប់ទីមួយ និងជាក្រុមប្រឹក្សាឃុំកុមាររាជា បានថ្លែងថា គោលនយោបាយរបស់អតីតគណបក្សប្រឆាំងមានតែការភូតភកុហក ក្បត់ឆន្ទៈរាស្ត្រ ដែលខុសពីគណបក្សប្រជាជនកម្ពុជាដែលមិនធ្លាប់សន្យាខ្យល់។ ហើយចំពោះការបង្កើតចលនាសង្គ្រោះជាតិដោយក្រុមមនុស្សមួយចំនួន គឺនឹងអាចនឹងនាំគ្រោះថ្នាក់ដល់សកម្មជន និងប្រជាពលរដ្ឋជាច្រើនទៀត ដោយសារចលនាដែលបង្កើតឡើងនេះ គឺខុសច្បាប់។
នៅក្នុងឱ្យកាសនោះលោក ស្វាយ ស៊ីថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ បានមានប្រសាសន៍ដោយសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនជាសមាជីកដែលទើបបញ្ចូលថ្មីក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ។ លោកបានបញ្ជាក់ថា ការមកចូលរួមរស់ដោយសុទ្ធចិត្តជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជន ដែលបានតស៊ូពុះពារក្នុងបុព្វហេតុជាតិ និងបាននាំមកនូវសុខ សន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខស្រួលដូចសព្វថ្ងៃ។ លោកបន្ថែមថា ការមកចូលរួមរបស់បងប្អូនទាំងអស់គ្នា គឺនឹងធ្វើឲ្យគណបក្សប្រជាជនកាន់តែមានកម្លាំងគាំទ្រច្រើនឡើងថែមទៀត ដើម្បីការអភិវឌ្ឍមូលដ្ឋានភូមិឃុំ កាន់តែរីកចម្រើន។ លោក ស្វាយ ស៊ីថា បានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺមានតែការបង្រួបបង្រួបបង្រួមជាតិ ការពារនូវឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ដែលខុសពីអតីតបក្សប្រឆាំងដែលប្រកាន់យកនូវទស្សនះបំបែកបំបាក់ជាតិ ដែលនាំឲ្យសង្គមកម្ពុជាវឹកវរចលាចល តាមរយៈការញុះញង់ លាបពណ៌ និងការរើសអើងជាតិសាសន៍ជាដើម។
នៅក្នុងឱកាសនេះដែរ លោក ស្វាយ ស៊ីថា ក៏បានជម្រាបជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាផងដែរថា ស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរ គឺប្រជាពលរដ្ឋបាននិងកំពុងសាទរនឹងសុខសន្តិភាពដែលកំពុងមាននាពេលសព្វថ្ងៃ និងប្រក្រតីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ គឺក្នុងន័យថា កម្ពុជាសព្វថ្ងៃមិនមានវិបត្តិកាលាហល់ណាមួយដូចពួកក្រុមប្រឆាំងដែលកំពុងបំពុលព័ត៌មាន និងការផ្សព្វផ្សាយបំភ្លើសខុសពីការពិតនោះទេ។ ជាមួយគ្នានេះ លោកស្វាយ ស៊ីថា ក៏បានផ្តាំផ្ញើឲ្យសមាជិកសមាជិកាទាំងចាស់ ទាំងថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងបញ្ចប់នូវការលាបពណ៌គ្នាដែលនាំឲ្យមានការថ្នាំងថ្នាក់ ប៉ះពាល់ដល់សតិអារម្មណ៍នៃជីវភាពរស់នៅប្រចាំថ្ងៃ។ លោក ស្វាយ ស៊ីថា ក៏បានផ្តាំផ្ញើឲ្យមន្ត្រីមូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់បំរើសេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋ និងខិតខំលុបបំបាត់ឲ្យអស់នូវក្រុមបងតូច បងធំ និងការប្រើប្រាស់ ជួញដូរគ្រឿងញៀន និងគិតគូរិះរកវិធានការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ក្នុងពិធីប្រកាសទទួល និងបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងដើម្បីសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ធក្នុងមូលដ្ធាន លោក ស្វាយ ស៊ីថា ក៍បានឧប្ថម្ភថវិកា មួយចំនួនដើម្បីជួសជុុលផ្លូវក្នុងភូមិថ្មីប្រវែង ១៧៨០ ម៉ែត្រ ។ ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងជាភាតរៈបំផុតដោយសមាជីក សមាជិកាទាំងអស់បានពិសារអាហារសាមគ្គីរួមគ្នា៕