(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានដាក់ពាក្យប្ដឹងម្ចាស់រណ្តៅដីឈ្មោះ រឿង សំអាន ហៅ ពៅ ដែលគេដឹងថា ជាម្ចាស់រណ្តៅដ៏ធំម្នាក់ប្រចំាស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធការអាជីវកម្មគ្មានអាជ្ញាបណ្ណ ជេរប្រមាថ និងបរិហាកេរ្តិ៍ ទៅលើមន្រ្តីអធិការកិច្ចក្រសួង និងបានដាក់ពាក្យប្តឹងមួយទៀត លើឈ្មោះ ចាន់ មុន្នី ពីបទ ធ្វើប្រតិបត្តិការជីកយកអាចម៌ដី លើសដែនអាជ្ញាបណ្ណ និងធ្វើប្រតិបត្តិការខ្សាច់ដោយបកគ្មានអាជ្ញាបណ្ណ។ នេះបើយោងតាមលិខិតរបស់លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ផ្ញើជូនលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្ដាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
មូលហេតុដែលនាំឲ្យមានការដាក់ពាក្យប្តឹងបែបនេះ ទៅលើឈ្មួញរណ្តៅដីដ៏ធំទាំង២នាក់នេះ គឺផ្តើមចេញពីលោក រឿង សំអាន ហៅ ពៅ បានរងការចោទថា លោកបានបាញ់អស់មួយបង់ ដើម្បីបន្លាចដល់ក្រុមអធិការកិច្ចរបស់ក្រសួង ពេលកំពុងចុះទៅត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេស នៅតាមរណ្តៅដីទាំងនោះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ នៅពេលមានហេតុការណ៍ខាងលើនេះ មានសារព័ត៌មានជាច្រើន បានចុះផ្សាយជាបន្តបន្ទាប់ ដោយអះអាងថា ឈ្មោះពៅនេះ បានបាញ់ជាច្រើនគ្រាប់ ដោយមិនខ្លាច ច្បាប់នោះទេ។
ទន្ទឹមគ្នានោះ ក៏មានអ្នកយកព័ត៌មានបានទូរស័ព្ទសម្ភាសន៍លោក ពៅ ផងដែរ ហើយលោកបានឆ្លើយតបដោយចោទប្រកាន់ទៅលើក្រុមមន្រ្តីរបស់ក្រសួងរ៉ែ និងថាមពល ទៅទារថ្លៃបាយលោក ហើយលោកក៏បានគេចមុខមិនជួបផងដែរ។ ការផ្តល់កិច្ចសម្ភាសន៍បែបនេះហើយ ទើបក្រសួងរ៉ែ និងថាមពលប្រកាសដាក់ពាក្យបណ្តឹងតែម្តង។
សូមអានខ្លឹមសារលម្អិត នៅក្នុងពាក្យបណ្តឹងទាំង២ច្បាប់របស់លោករដ្ឋមន្រ្តី ស៊ុយ សែម ខាងក្រោមនេះ៖