(ភ្នំពេញ)៖ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុន Manulife បានសំដែងនូវភាពវិជ្ជមាន ខណៈដែលក្រុមហ៊ុននេះ ​បានសម្រេចចិត្តជ្រើសរើស​ប្រទេសកម្ពុជា ក្នុងការបើកអាជីវកម្មធានារ៉ាបរង់អាយុជីវិតដ៏ធំនេះ។

លោកបានលើកឡើងថា ការជ្រើសរើស​យកប្រទេសកម្ពុជា​ ក្នុងការបើក​អាជីវកម្ម ​ជាការ​សម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះកម្ពុជាជាប្រទេស ដែលមាន​សេដ្ឋកិច្ចរីកចម្រើន រឹងមាំល្អ រួមជាមួយកំណើនដ៏ឆាប់រហ័ស នៃប្រជាជនដែលមាន​កម្រិត​ជីវភាពធូរធារ។

ការលើកឡើងបែបនេះ របស់លោក Robert Elliott ធ្វើឡើងក្នុងកម្មវិធី ប្រគល់ពានកិត្តិយស ជូនទីប្រក្សាធានារ៉ាប់រងឆ្នើម នាថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ការចូលរួមចំណែកធ្វើឲ្យក្រុមហ៊ុន រីកចម្រើន និងទទួលបានជោគជ័យរហូតដល់ពេលបច្ចុប្បន្ន​។

ក្រុមហ៊ុន Manulife ជាក្រុមហ៊ុនធានារ៉ាបរង់អាយុជីវិត អន្ដរជាតិដំបូងគេ បំផុតដែលបានចូលមកទីផ្សារកម្ពុជា និងបានចាប់ផ្ដើមវិស័យនេះដំបូងគេ​ផងដែរ។ គិតមកដល់បច្ចុប្បន្នក្រុមហ៊ុន Manulife មានវត្តមាននៅក្នុងប្រទេសកម្ពុជា ប្រមានជាង៥ឆ្នាំមកហើយ និងបានធ្វើកិច្ចការជាច្រើន នៅ​ក្នុងប្រទេសកម្ពុជា រួមមានការធ្វើវគ្គសិក្ខាសាលាស្ដីពីសារៈសំខាន់ នៃការធានារ៉ាបរង់អាយុជីវិត ក៏ដូចជាផ្ដោតការយកចិត្តទុកដាក់ ទៅលើ​ការផ្សព្វ​ផ្សាយកេរ្ដិ៍ឈ្មោះ​នៅក្នុងទីផ្សារកម្ពុជាផងដែរ។

លោក Robert Elliott បានថ្លែងឲ្យដឹងថា ការជ្រើសរើសយកប្រទេសកម្ពុជា ជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវ មួយវិញទៀតវិស័យធានារ៉ាបរង់អាយុ​ជីវិតនេះជាវិស័យដ៏មានសារៈសំខាន់ ក្នុងការជួយកសាងសេដ្ឋកិច្ចក្នុងប្រទេសដែលកំពុងរីកចម្រើន ដូចជាប្រទេសកម្ពុជានេះឯង។ វិស័យធានារ៉ាប​រង​អាយុជីវិត ក៏បានជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ដោយក្រុមហ៊ុនបានជួយការពារអនាគតហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋក្នុងប្រទេស។

លោកបានបញ្ជាក់ទៀតថា វិស័យនេះក៏បានជំរុញជួយឲ្យប្រជាពលរដ្ឋកម្ពុជា ទាំងអស់រៀបចំផែនការហិរញ្ញវត្ថុដ៏ល្អសម្រាប់ខ្លួនគេផ្ទាល់ ឬក៏រៀបចំផែន
ការសម្រាប់ការអប់រំបុត្រធីតារបស់ពួកគាត់ និងអាចជួយកសាងសេដ្ឋកិច្ចនៅក្នុងស្រុក នេះជាពេលវេលា និងការសម្រេចដ៏ត្រឹមត្រូវក្នុងការចូល​មកទីផ្សារនៃប្រទេសកម្ពុជា។

ក្នុងនោះដែរលោកអគ្គនាយក ក៏បានលើកសសើរពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកក្រុមហ៊ុន ដែលបានជួយឲ្យក្រុមហ៊ុនរីកចម្រើនរហូតមកដល់បច្ចុប្បន្ន​។ លោកថា «ខ្ញុំពិតជារីករាយ​ខ្លាំង​មែន​ទែន​នៅពេលដែលឃើញការកើនឡើង នៃចំនួនទីប្រក្សាឆ្នើមរបស់ក្រុមហ៊ុន Manulife ជារៀងរាល់ឆ្នាំ នេះសរបញ្ជាក់ពីការខិតខំប្រឹងប្រែង របស់ពួក​គាត់​ក្នុងការជួយឲ្យក្រុមហ៊ុនទទួលបានជោគជ័យ»។

សូមបញ្ជាក់ថា Manulife ជាក្រុមហ៊ុនផ្ដល់សេវា​កម្មហិរញ្ញវត្ថុ ឈានមុខគេលំដាប់ថ្នាក់អន្ដរជាតិ ​ដែលផ្ដល់ដំណោះស្រាយសម្រាប់អនាគត ក្នុងការជួយ​អតិថិជនសម្រេចចិត្ត លើផែនការហិរញ្ញវត្ថុរបស់ពួកគេ។ ក្រុមហ៊ុន Manulife បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួន​នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០១២ គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានប្រតិបត្តិការលើទីផ្សារកម្ពុជាប្រមាណជាង៥ឆ្នាំមកហើយ និងបានជួយដល់ប្រជាជនកម្ពុជា​ជាច្រើននាក់ផងដែរ៕