(បន្ទាយមានជ័យ)៖ អតីតសកម្មជនគណបក្សដែលត្រូវតុលាការរំលាយ ដែលពាក់ព័ន្ធប្រព្រឹត្តអំពើក្បត់ជាតិ ជិត២,០០០នាក់ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
លោក អាត់ ខែម សមាជិកអន្ដ្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការសម្រេចចិត្តចុះចូល ជាមួយបក្សប្រជាជន របស់សកម្មជនអតីតបក្សសង្គ្រោះជាតិ ទាំង១,៦៤៥នាក់ នៅក្រុង ស្រុកចំនួន៥ ក្នុងខេត្តបន្ទាយមានជ័យ ដោយសារមើលពីការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន, សម្ដេច ហេង សំរិន អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងទៀត។
បើតាមលោក អាត់ ខែម ការសម្រេចចិត្តចុះចូលនេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ ក៏បានផ្ដាំផ្ញើការសួរសុខទុក្ខដល់សមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបប្រកាសទទួលស្គាល់ទាំងជិត២,០០០នាក់នេះផងដែរ។
ក្នុងនោះដែរ សកម្មជនគណបក្សទាំងអស់ បានប្តេជ្ញាចិត្តថា នឹងទៅបោះឆ្នោតជូនគណបក្ស CPP ដើម្បីយកជ័យជម្នះឲ្យបាន និងបន្តស្វែងរកសមាជិកថ្មីបន្ថែមទៀត បោះឆ្នោតគាំទ្របក្ស CPP ទទួលបានសម្លេងគាំទ្រច្រើនលើសលុបជាងមុន៕