(បាត់ដំបង)៖ គណៈពង្រឹងមូលដ្ឋានឃុំអន្លង់រុន ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មីជិត២០០នាក់ ដែលពួកគាត់បានសម្រេចចូលរួមជីវភាព នយោបាយ បន្ទាប់ពីបានឃើញគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ រួមរស់ជាមួយប្រជាពលរដ្ឋរហូតមក ហើយការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនទៀតឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងពិធីនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ លោក អ៊ុក គឹមលេខ អនុប្រធានក្រុមការងារស្រុកថ្មគោល បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំង១៩៨រូប ដែលបានមកចូលរួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលការសម្រេចនេះ គឺជាការសម្រេចដ៏ត្រឹមត្រូវ ព្រោះការដឹកនាំរបស់បក្សប្រជាជនកម្ពុជា មិនត្រឹមតែបាននាំមកនូវសុខសន្តិភាព ជូនប្រទេសជាតិនោះទេ ថែមទាំងបានអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ កុំជឿតាមការញុះញង់របស់ជនណាមួយ ដែលអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។
ជាមួយគ្នានោះ លោក លី ឡាយ ប្រធានក្រុមការងារចុះជួយឃុំអន្លង់រុន ព្រមទាំងក្រុមការងារបានបន្តសំណេះសំណាល ជាមួយសមាជិកបក្សចាស់ នៅភូមិសូភី ប្រមាណ២៦០នាក់ និងបាននាំយកអំណោយ ថវិកាមួយចំនួនជូនពួកគាត់ផងដែរ៕