(ភ្នំពេញ)៖ ដើម្បីជំរុញវិស័យភាពយន្ដនៅកម្ពុជា ឲ្យកាន់តែមានភាពល្បីល្បាញសុះសាយ លើសាកលលោក លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Soyo បានប្រកាសបន្ដការគាំទ្រទទួលទិញ និងវិនិយោគលើកុនជាមួយផលិតករខ្មែរ កាន់តែខ្លាំងក្លាបន្ថែមទៀត។
ការប្រកាសគាំទ្របែបនេះ របស់នាយកប្រតិបត្តិក្រុហ៊ុន Soyo នេះធ្វើឡើងក្នុងកម្មវិធីឱកាសគម្រប់ខួប១ឆ្នាំ នៃក្រុមហ៊ុន Soyo ដែលប្រតិបត្តិការនៅកម្ពុជា ដោយក្នុងនោះ Soyo ក៏បានអញ្ជើញអ្នកពាក់ព័ន្ធ ក្នុងវិស័យភាពយន្តទាំងអស់មកពិភាក្សាក្រោមប្រធានបទ «អ្វីជាជំហានបន្ទាប់សម្រាប់វិស័យភាពយន្ត ក្នុងសម័យឌីជីថលនៅកម្ពុជា» ដែលការពិភាក្សានេះ គឺដើម្បីរកវិធីសាស្រ្ដធ្វើឲ្យវិស័យភាពយន្ដ កាន់តែល្អប្រសើរ។
លោក ជី សិលា បានថ្លែងឲ្យដឹងនាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះថា ក្រៅពីធ្វើការយ៉ាងសកម្មជាមួយ និងការផ្ដល់ទុនវិនិយោគ ដល់ផលិតករ ផលិតភាពយន្ដ ក្រុមហ៊ុន Soyo ក៏បានប្រមូលទិញភាពយន្តខ្មែរទាំងថ្មី និងចាស់ ទិញសិទ្ធិភាពយន្ត ពីប៉ុស្តិ៍ទូរទស្សន៍ សហការជាមួយទូរទស្សន៍នានា ដើម្បីផលិតរឿងថ្មីៗ និងបង្កើតកម្មវិធីប្រកួតផលិតភាពយន្តខ្នាតខ្លីជាច្រើន ដែលគិតជាទឹកប្រាក់ប្រមាណ៥០ម៉ឺនដុល្លារអាមេរិក និងមានវីដេអូជាង៥០០ចំណងជើង លើ Soyo។
ក្នុងឱកាសគម្រប់ខួបនេះ លោក ជី សិលា បានប្រកាសបន្តទទួលទិញ និងវិនិយោគលើកុន ជាមួយផលិតករខ្មែរ។ លោកបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ Soyo គ្រោងនឹងវិនិយោគប្រាក់បន្ថែម អាចនឹងច្រើនជាងឆ្នាំចាស់ទៀត អាស្រ័យទៅតាមសាច់រឿង ដែលទទួលបានជាក់ស្តែង។
លោកបានបន្តថា «ឥឡូវ Soyo អត់ទាន់វិនិយោគលើកុនធំពេកទេ ដោយសារលទ្ធភាពនៅមានកំណត់។ តែយើងចង់មានភាពយន្តច្រើនបែបច្នៃប្រឌិតថ្មីៗ ហើយប្រភេទកុន៣យ៉ាងដែលកំពុងចាប់អារម្មណ៍សហការជាមួយ ផលិតករ មានដូចជា Web Series, Short Films ឬ Short Feature Films»។
សូមជម្រាបថា ក្រុមហ៊ុន Soyo មានមោទនភាពក្នុងការលើកទឹកចិត្ត ឲ្យអ្នកផលិតទាំងអស់ចូលរួមជាមួយខ្លួន ដើម្បីទ្រទ្រង់ រាល់ដំណើរការផលិត និងសំណូមពរឲ្យអ្នកធ្វើការ ក្នុងឧស្សាហកម្មភាពយន្តទាំងអស់ រួមសហការគ្នាជំរុញវិស័យភាពយន្ដ ឲ្យកាន់តែរីកចម្រើន និងធ្វើយ៉ាងណាឲ្យទស្សនិកជនគាំទ្រភាពយន្តខ្មែរកាន់តែច្រើន។
សូមបញ្ជាក់ថា ក្រុមហ៊ុន Soyo ជាប្រព័ន្ធទស្សនាវីដេអូអនឡាញ ដំបូងគេនៅកម្ពុជា ដោយចាប់ដំណើរការចាប់ពីខែកក្កដា ឆ្នាំ២០១៧។ Soyo អនុញ្ញាតឲ្យអ្នកប្រើប្រាស់ទស្សនាវីដេអូ ដ៏សម្បូរបែបរួមមាន៖ ភាពយន្តខ្នាតវែង, ខ្នាតខ្លី, រឿងភាគខ្មែរ និងបរទេស (បញ្ចូលសំឡេង/អក្សរ ជាភាសាខ្មែរ) កម្មវិធីទូរទស្សន៍ វីដេអូចម្រៀងជាច្រើន៕