(អាមេរិក)៖ យោងតាមការចុះផ្សាយរបស់​គេហទំព័រជំនួញ Business Insider បានឲ្យដឹងថា​ iPhone ​បានធ្វើឲ្យក្រុមហ៊ុន Apple ទទួលបានប្រាក់ចំណូល​ខ្ពស់ជាងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ នៅក្នុងត្រីមាសចុងក្រោយ។

នៅក្នុងស្ថិតិដែលបានចេញផ្សាយដោយស្ថាប័នវិភាគ Statista បានឲ្យដឹងថា ក្រុមហ៊ុន Apple បាន​ឈរ​នៅលេខរៀងទី១ ជាក្រុមហ៊ុនបច្ចេកវិទ្យា​ដែលទទួលបានប្រាក់ចំណូលខ្ពស់​ជាងគេបំផុត ខណៈដែល Facebook ឈរនៅលេខរៀងទី១០។

នៅក្នុងតារាងបានបង្ហាញថា Apple ទទួលបានប្រាក់ចំណូលជាង ៣១ពាន់លានដុល្លារ​អាមេរិក នៅក្នុង​ត្រីមាសកន្លងទៅនេះ ខណៈដែលក្រុមហ៊ុនផលិតកុំព្យូទ័រ HP ទទួលបានប្រាក់ចំណូល ២៥,៣ពាន់​លានដុល្លារអាមេរិក និង Microsoft ឈរនៅលេខរៀងទី៣ ទទួលប្រាក់ចំណូល ២២,២ពាន់លាន​ដុល្លារ​អាមេរិក។

គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី០៩ ខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone 6S និង 6S Plus ដោយបំពាក់នូវកាមេរ៉ាក្រោយរហូតដល់ ១២មេហ្គាភិចសែល និងកាមេរ៉ា​មុខ ៥មេហ្គាភិចសែល៕