(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតអបអរសាទរឯកឧត្តម យឹម លាត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលរងធនាគាជាតិនៃកម្ពុជា។
គួរជម្រាបថា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងឯកឧត្តម យឹម លាត ជាអគ្គទេសាភិបាលរងធនាគាជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ការទទួលបាននូវតួនាទី និងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសម និងជាសក្ខីភាពឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មោះមុតរបស់ឯកឧត្តម ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ដើម្បីបម្រើឧត្តមប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋកន្លងមក។ យើងខ្ញុំជឿជាក់ថា តួនាទីនិងភារកិច្ចដ៏ឧត្តុង្គឧត្តមដែលឯកឧត្តមទទួលបាននេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសជំរុញសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។
ជាថ្មីម្តងទៀត ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់សូមជូនពរបវរមហាប្រសើរដល់ឯកឧត្តម ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕