(ភ្នំពេញ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និង កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ដ្រីរាជការទាំងអស់ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតអបអរសាទរលោកជំទាវ ជា សិរី ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលធនាគាជាតិនៃកម្ពុជា។
គួរជម្រាបថា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោកជំទាវ ជា សិរី ជាអគ្គទេសាភិបាលធនាគាជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី។
ការទទួលបាននូវតួនាទី និងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសម និងជាសក្ខីភាពឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មោះមុតរបស់លោកជំទាវ ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ដើម្បីបម្រើឧត្តមប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋកន្លងមក។ យើងខ្ញុំជឿជាក់ថា តួនាទីនិងភារកិច្ចដ៏ឧត្តុង្គឧត្តមដែលលោកជំទាវទទួលបាននេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសជំរុញសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។
ជាថ្មីម្តងទៀត ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់សូមជូនពរបវរមហាប្រសើរដល់លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕