(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ មានទីលំនៅក្នុងភូមិជរ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានរងបណ្ដឹងពីឈ្មួញទិញដីម្នាក់ បានប្ដឹងពួកគាត់ទៅតុលាការតាំងពីឆ្នាំ២០២៣ ជាបន្តបន្ទាប់ ហើយត្រូវបានតុលាការ កោះហៅពួកគាត់ជាច្រើនលើកច្រើនសារ ដែលធ្វើឱ្យពួកគាត់ខាតបង់ពេលវេលា និងប្រាក់កាសថែមទៀតផងនោះ នៅពេលបានបញ្ចប់នីតីហើយ ដោយតំណាងអយ្យការសម្រេចលើកលែងការចោទប្រកាន់។
ក្រោយទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ពួកគាត់បានចេញមកថ្លែងអំណរគុណថ្នាក់ដឹកនាំ ពិសេសគឺថ្លែងអំណរគុណលោក គឹម រត្ន័ណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខដល់ប្រជាពលរដ្ឋ ដោយលោកទាំងពីរទទួលបានការសំណូមពរពីប្រជាពលរដ្ឋដោយបានស្នើសុំឱ្យពន្លឿនក្នុងរឿងក្តីខាងលើនេះ។
ប្រជាពលរដ្ឋទាំងអស់ បានថ្លែងថា លោកទាំងពីរក៏បានផ្ដល់នូវភាពយុត្តិធម៌ជូនពួកគាត់បានយ៉ាងទាន់ចិត្ត តាមរយៈការចេញលិខិតជូនដំណឹងមួយច្បាប់ដល់ភាគីដើមបណ្ដឹងឈ្មោះ លន់ ឡន ដែលក្នុងខ្លឹមសារលិខិតជូនដំណឹងខាងលើនេះ គឺតំណាងអយ្យការលោកបានសម្រេចតម្កល់សំណុំរឿងព្រហ្មទណ្ឌ ដែលបានប្ដឹងប្រជាពលរដ្ឋ៣៨នាក់ទៅកាន់តុលាការ នៅក្នុងអំឡុងឆ្នាំ២០២៤នេះ ទុកឥតចាត់ការ។
តាមរយៈបណ្តាញព័ត៌មាន Fresh News, ប្រជាពលរដ្ឋទាំងអស់រួមទាំងអាជ្ញាធរ ភូមិ ឃុំ និងអាជ្ញាធរស្រុក សូមគោរពជូនពរដល់ថ្នាក់ដឹកនាំ ពិសេសគោរពជូនពរ ប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញា សូមជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើន សុខភាពល្អ និងទទួលបាននូវពុទ្ធពរទាំង បួនប្រការគឺៈ អាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃាតឡើយ និងសុំឱ្យទទួលបានជោគជ័យនូវគ្រប់ភារកិច្ច៕
https://freshnewsasia.com/index.php/en/localnews/365889-2024-11-22-10-00-46.html